ប្រវត្តិសាស្រ្តខ្មែរ សមយ័ឧដុង្គ

ប្រវត្តិសាស្រ្តខ្មែរ សមយ័ឧដុង្គ (ភាគ១)
«រាជព្រះស្រីសុរិយោពណ៌»( មុនឈានទៅដល់សមយ័ឧដុង្គ)
នៅឆ្នាំ ១៦០១ ព្រះស្រីសុរិយោពណ៌បានត្រឡប់ ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទី ក្រុងអយុធ្យា ចូលមកតាម ច្រកកំពត មកគង់ នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់ កើតមាននៅតាម កន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀត មានកើតចលនាបះបោរធ្វើឲ្យប្រជារាស្ត្រ ភិតភ័យនៅឡើយ។
ក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះអង្គទ្រង់បានបញ្ជា ឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹង ទីតាំង វត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យ នៅទីនោះពីឆ្នាំ ១៦០៣ ដល់ ១៦១៣ ក្នុងព្រះជន្មាយុ ៦០ វស្សាទ្រង់ទទួលរាជាភិសេក ជាស្ដេចផែនដីនៅឆ្នាំ ១៦១៣។ ព្រះស្រីសុរិយោពណ៌មានរាជបុត្រពីរអង្គដែលគង់នៅក្នុងប្រទេសសៀមនៅឡើយ គឺជ័យជេដ្ឋា និងឧទ័យ។ នៅឆ្នាំ ១៦០៥ ព្រះជ័យជេដ្ឋា និងឧទ័យជាអនុជ បានបង្ក្រាបមេបះបោរចាមពីរ នាក់ដែលបានត្រួតត្រាលើខេត្តបារា និងដូនណៃ តាំងពីរជ្ជកាលស្ដេចអង្គតន់មកម្ល៉េះ។
ការបាក់បែកក្រុងលង្វែកឆ្នាំ ១៥៩៤ គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់អង្គរ ដែលបណ្ដាលមកពីខ្មាំងសត្រូវសៀម។
សៀមតែងលូកដៃកកូរកកាយតាមល្បិចកលផ្សេងៗក្នុងទិសដៅធ្វើឲ្យខ្មែរខ្សោយដើម្បីលេប ទឹកដី នាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់នឹងមេរៀនដដែលៗ របស់សត្រូវ សៀម។ ដើម្បីឲ្យមានលំនឹងព្រះអង្គបានធ្វើការសាកល្បង ចងសម្ព័ន្ធភាពជាមួយស្ដេចយួន ដោយបានផ្សំផ្គុំបុត្រច្បងព្រះអង្គគឺព្រះជយ័ជេដ្ឋាជាមួយកូនស្តេចយូនព្រះនាមអង្គចូវ ក្នុងគោលបំណងអោយស្តេចយួនជួយការពារខ្មែរពីសត្រូវសៀម ។ ប៉ុន្តែសម្ព័ន្ធថ្មីនេះ មិនបានធ្វើឲ្យប្រទេសខ្មែររស់នៅដោយសុខដុមរមនាឡើយ។ ផ្ទុយទៅវិញវាជាទម្ងន់មួយ ទៀតមកខ្មែរ ដែលអូសបន្លាយអស់រយៈពេល២ សតវត្សកន្លះ ទម្រាំដល់ពេលដែលពួកអាណា និគមនិយមបារាំងចូលត្រួតត្រាប្រទេសខ្មែរ។


==================================================================
ប្រវត្តិសាស្រ្តខ្មែរសមយ័ឧដុង្គ (ភាគ២)
«រាជព្រះបាទជយ័ជេដ្ឋាទី២» សម័យឧដុង្គ
ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យនៅរាជវាំងល្វាឯមក្នុងព្រះជន្ម ៣៤វស្សា បន្ទាប់ពីព្រះបីតាព្រះអង្គគឺព្រះបាទស្រីសុរិយោពណ៌ សោយទីវង្គត់។ ព្រះអង្គមានមហេសីនាមអង្គចូវ ជាបុត្រីស្ដេចយួន។ នៅឆ្នាំ១៦២០ ព្រះអង្គបានលើករាជធានី ពីល្វាឯមមកឧដុង្គ។ ព្រះរាជកិច្ចដំបូងគឺកំណែទម្រង់ច្បាប់នៅក្នុងប្រព័ន្ធតុលាការខ្មែរដោយ យល់ឃើញថាមានក្រមមួយចំនួនមិនទាន់មានភាពយុត្តិធម៌នៅឡើយ។ ព្រះអង្គបានកែប្រែច្បាប់ក្រម បានចំនួន ២៤។ ប៉ុន្តែការងារនេះត្រូវរំខានដោយសារការឈ្លានពានរបស់សៀមពីរលើកគឺនៅឆ្នាំ ១៦២១ និង ១៦២២។ ច្បាប់ដែលពិនិត្យរួចត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ ១៦២៤ នៅក្នុងប្រពន្ឋ័តុលាការខ្មែរ ។
ជាលើកទី១ ចាប់តាំងពីរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ រហូតដល់ជ័យជេដ្ឋាទី២ ពួកសៀមបានធ្វើការសាកល្បង ដើម្បីដាក់ខ្មែរជាចំណុះម្ដងទៀត។ នៅឆ្នាំ ១៦២១ ស្ដេចសៀមឈ្មោះសុងថាម បានលើកទ័ពដោយផ្ទាល់ជាពីរផ្នែក មួយផ្នែកចូលតាម ខេត្តបាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យខ្ចាត់ខ្ចាយរត់ចេញតាមខេត្តចន្ទបុរី។ មួយផ្នែកទៀតជាទ័ពជើងទឹក ចូលមកតាមខេត្តកំពត និងបន្ទាយ មាសក្នុងបំណង វាយយក ខេត្តទ្រាំង ប៉ុន្តែ ទ័ពសៀមត្រូវបរាជ័យម្ដងទៀត ដោយសារខ្មែរបំពុល។ មួយឆ្នាំក្រោយមក គឺឆ្នាំ ១៦២២ សៀមបានសាកល្បងលើកទ័ពមកម្ដងទៀត ប៉ុន្តែត្រូវបរាជ័យ។ ចាប់តាំងពីពេលនោះមក រហូតដល់ដំណាច់សតវត្សទី១៧ សៀមពុំបានបញ្ចេញសកម្មភាព គាបសង្កត់ ខ្មែរគួរ ឲ្យកត់សម្គាល់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពួកយួនបានចាប់ ផ្ដើមកកេរ ទឹកដីខ្មែរបន្តិចម្តងៗ ពីខាងកើត។ ការរៀបអភិសេករវាងជ័យជេដ្ឋាទី២ និងក្សត្រីអង្គចូវ បានធ្វើឲ្យប្រទេស ខ្មែរជាប់ជំពាក់រឿងចម្រូងចម្រាស់យ៉ាងខ្លាំង នៅពេលដែលពួកយួន បានលេបយកទឹកដី ចាម្ប៉ាទាំងស្រុងនៅសតវត្សទី១៧។ នៅឆ្នាំ ១៦២៣ គណៈបេសកកម្ម ទូតយួន បានលើក សំណើសុំឲ្យយួនបង្កើតគ្រឹះស្ថានជំនួញនៅប៉ែកខាងត្បូងប្រទេសខ្មែរពីរ មានខេត្តព្រៃនគរ និងកំពង់ក្របី ព្រមទាំងសុំអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ ក្រសួងគយ នៅទីនោះផង។ ចំណុចនេះអ្នកប្រវត្តិសាស្ត្របានចាត់ទុកថាខ្មែរចាញ់កលល្បិចបោកបញ្ឆោត របស់យួន ដែលសុំត្រួតពិនិត្យពន្ធដារ និងរស់នៅជាបណ្ដោះអាសន្ន។
កាលដែលមិនទាន់សោយរាជ្យ ព្រះជ័យជេដ្ឋាទី២ មានព្រះជន្ម ២៦ វស្សា មានបុត្រពីរអង្គ នាមចៅពញាតូ និង ចៅពញានូ។ លុះសោយរាជ្យបាន ២ ឆ្នាំព្រះអង្គមានបុត្រនាម ចៅពញាចន្ទ និងបុត្រីនាម ចន្ទវតី (ឬបុប្ផាវតី)។ ឯព្រះឧទ័យរាជាដែលជាអនុជព្រះអង្គ មានបុត្រ៤អង្គ គឺ អ្នកអង្គនន់ទី១ អ្នកអង្គសូរ អ្នកអង្គតន់ និងអ្នកអង្គអិម។



============================================================
ប្រវត្តិសាស្រ្តខ្មែរសមយ័ឧដុង្គ (ភាគ៣)
«វិបត្តិក្នុងរាជវង្សខ្មែរ »(ការបែកបាក់ផ្ទៃក្នុង)
នៅក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងភាពវឹកវរចាប់តាំង ពីដើម្បីសតវត្សទី១៧ រហូតដល់សតវត្សទី១៩ ធ្វើឲ្យខ្មែរបាត់បង់នូវឯករាជ្យភាព។ ហេតុការណ៍នេះបណ្ដាលមកពីការលូកកកូរកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ពីសំណាក់សត្រូវជិត ខាងទាំងពីរ។ ឆ្នាំ ១៦២៦ ព្រះធម្មរាជា ឬព្រះរាជសំភារបានសាងព្រះផ្នួសនៅវត្តមួយក្នុង ខេត្តមហានគរ។ កាលដែលព្រះបាទជ័យជេដ្ឋាទី២សោយទិវង្គតទៅ ពួកនាម៉ឺនបានយាង ព្រះឧទ័យដែលជាព្រះអនុជឲ្យ ឡើងសោយរាជសម្បត្តិ តែព្រះអង្គប្រកែក។ ព្រះធម្មរាជាបានយល់ព្រមឡើងសោយរាជ្យនៅឆ្នាំ ១៦២៩ នៅរាជវាំងកោះឃ្លោក នៅប៉ែកឦសានជ្រោយចង្វា។ នៅឆ្នាំ ១៦៣៣ ព្រះអង្គបានលើកទ័ពទៅវាយសៀម ក្នុងបំណងដណ្ដើមយកខេត្តនគររាជសីមាមកវិញ ប៉ុន្តែមិនបានសម្រេច។ សៀមបាន លើកទ័ពជើងទឹកចូលតាមកំពតក្នុងបំណងវាយយកខេត្តភាគខាងត្បូងនៃប្រទេសកម្ពុជា។ ព្រះធម្មរាជាត្រូវសុគតយ៉ាងអណោចអធមនៅឆ្នាំ ១៦៣៤ ដោយស្នាដៃទាហានក្បត់ ។ បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀត ព្រះនាមចៅពញានូ (នាមសម្រាប់រាជ្យ ព្រះបាទសម្ដេច ព្រះអង្គទង រាជាធិរាជរាមាធិបតី) បានឡើងសោយរាជ្យនៅឆ្នាំ ១៦៣៥។ ប៉ុន្តែក្រោយមកទៀត រាជសម្បត្តិនេះបានធ្លាក់ក្នុងដៃបុត្រព្រះឧទ័យនាមបទុមរាជា (ឬ ព្រះអង្គនន់) ដោយសារមានការជ្រែករាជ្យ (១៦៣៩ - ១៦៤១)។ ដូចនេះចៅពញាចន្ទដែលត្រូវជាបុត្រពៅព្រះជ័យជេដ្ឋាទី២ មានព្រះទ័យក្រេវក្រោធជាខ្លាំង ក៏នាំបក្សពួកទៅធ្វើឃាតបទុមរាជា ហើយក៏ឡើងសោយរាជ្យ (១៦៤១ - ១៦៥៩)។ នៅឆ្នាំ ១៦៤៤ ព្រះពញាចន្ទបានចាប់ចិត្តប្រតិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែក ស្ថិតនៅលើត្រើយខាងលិចទន្លេសាប ចម្ងាយ ១០ គីឡូម៉ែត ខាងត្បូងកំពង់លួង។ ដំណឹងនេះធ្វើឲ្យប្រជារាស្ត្រក្នុងនគរមានការអាក់អន់ចិត្តជាខ្លាំង ក៏នាំគ្នាហៅថា ព្រះរាមចូលសាសន៍ (ឯកសារខ្លះបាននិយាយថា ព្រះអង្គបានប្ដូរនាមពីពញាចន្ទមក អ៊ីប្រាហ៊ីម)។ ទ្រង់បានបោះបង់ជំនឿព្រះពុទ្ធសាសនា ប្រកាន់យកឥស្លាមសាសនា។ នៅក្នុងរាជវាំងឧដុង្គ គេឃើញមានមន្ត្រីចាមចូលមកធ្វើការជំនួសមន្ត្រីខ្មែរ។ ការប្រព្រឹត្តផ្ដេសផ្ដាសខុសទម្លាប់នាំឲ្យព្រះពញាចន្ទបាត់បង់ទំនុកចិត្ត និងការគាំទ្រពីប្រជារាស្ត្រខ្មែរ ហើយប្រការនេះធ្វើឲ្យបុត្រព្រះឧទ័យពីរអង្គ គឺ អង្គសូរ និងអង្គតន់មានឱកាសនឹងសងសឹក ដើម្បីដណ្ដើមរាជ្យសម្បត្តិ។ ក្សត្រទាំងពីរអង្គនេះបានដើរប្រមូលបក្សពួក និងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ ព្រះរាមចូលសាសន៍។ លុះដល់ប្រមូលទាហានបានហើយ ទ័ពទាំងសងខាងក៏បានបើក សមរភូមិនៅសំរោងទងក្នុងឆ្នាំ ១៦៥៣។ តែទ័ពអង្គសូរ និងអង្គតន់ត្រូវទទួលបរាជ័យ។




===============================================

ប្រវត្តិសាស្រ្តខ្មែរសមយ័ឧដុង្គ (ភាគ៤)
«ប្រទេសកម្ពុជាក្រោមអាណាព្យាបាលយួន»
នៅឆ្នាំ ១៦៥៥ អង្គសូរដែលមានបង្អែកពីក្សត្រីអង្គចូវ បានទៅពឹងទ័ពយួនដើម្បី វាយជាមួយទ័ពព្រះរាម (ពញាចន្ទ)។ ឆាកសង្គ្រាមជើងទឹកមួយបានផ្ទុះឡើងរវាងទ័ពយួន ដែលបញ្ជាដោយឧត្តមសេនីយអុង-ហ៊ាងធូ (អុង-បៀងធូ) និងទ័ពព្រះរាមនៅព្រែកតាទែន។ ព្រះរាមត្រូវទ័ពយួនចាប់បានហើយបញ្ជូនទៅឃុំឃាំងនៅក្រុងវ៉េ។ ដោយដឹងជាមុននូវគម្រោងការរបស់យួន ដើម្បីវាយយកក្រុងឧដុង្គព្រមទាំងមាន បំណងចង់ត្រួតត្រាប្រទេសកម្ពុជាទាំងមូល ទើបអង្គសូរ និងអង្គតន់រៀបចំទ័ពដើម្បីទប់ទល់ នៅក្រុងឧដុង្គដូចគេស្មានមែន ប៉ុន្តែត្រូវបរាជ័យ ដកទ័ពទៅវិញ។ ឧត្ដមសេនីយយួនអុង-ហ៊ាងធូ មានការក្ដៅក្រហាយ ព្រោះវាយយកក្រុងឧដុង្គមិនបាន ក៏ចុះទៅប្រទេសយួន ដើម្បីក្រាបបង្គំថ្វាយស្ដេចយួន អំពីភាពរមិលគុណរបស់ខ្មែរ លុះជ្រាបដូចនេះហើយ ស្ដេចង្វៀងក៏បានបញ្ជាឲ្យគេដោះលែងព្រះរាម ឲ្យមកច្បាំងជាមួយអង្គសូរ និងអង្គតន់វិញ ប៉ុន្តែចៃដន្យអាក្រក់ ស្ដេចអង្គនេះត្រូវសុគតនៅតាមផ្លូវដោយជំងឺ។
អង្គសូរបានឡើងសោយរាជ្យចាប់ពីឆ្នាំ ១៦៥៩ ដល់ ១៦៧២។ ស្ដេចអង្គនេះត្រូវ ព្រះរាជសុណិសានាមស្រីជ័យជេដ្ឋា (បុត្រអង្គនន់ទី១) ធ្វើឃាតហើយឡើងសោយរាជ្យ (១៦៧២ - ១៦៧៣) ដោយយកអង្គឡីជាមហេសីអង្គសូរ ដែលត្រូវជាព្រះមាតុច្ឆាធ្វើជា មហេសី។ ប៉ុន្តែបទុមរាជាបាន ត្រូវមហេសីអង្គសូរទៅពឹងចាមឲ្យមកធ្វើឃាតម្ដងវិញ។ ប្រទេសខ្មែរកើតវឹកវរដោយវិបត្តិផ្ទៃក្នុង ដែលបណ្ដាលមកពីការល្មោភអំណាចឥតឈប់ឈរ។ ប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមឥតស្រាកស្រាន្ត។ពួកបរទេសដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នាំរត់ចោលហាងទំនិញ។ឆ្លៀតឱកាសនេះសៀមបានទាក់ទាញក្រុមហ៊ុន ឥណ្ឌាខាង កើតរបស់ អង់គ្លេសឲ្យមករក ស៊ីនៅក្នុងប្រទេសសៀមវិញព្រោះប្រទេសសៀម មានសន្តិភាពល្អ។ នៅពេលដែលអង្គសូរសុគត ក្សត្រអង្គតន់ដែលជាអនុជ និងអង្គនន់ជាក្មួយ (កូនអង្គអិម) បានចុះទៅប្រទេសយួនដើម្បីសុំជំនួយទ័ព។ នៅពេលត្រឡប់ពីប្រទេសយួនមក វិញក្នុងឆ្នាំ ១៦៧៣ ក្សត្រទាំងពីរអង្គបានឃើញក្សត្រអង្គជីដែលត្រូវជាបុត្រច្បងរបស់អង្គសូរ កំពុង ស្ថិតនៅក្នុងរាជសម្បត្តិនៅឡើយ ក៏កើតក្ដីត្រេកអរឥតឧបមាព្រោះឃើញ ក្រុមញាតិវង្ស របស់ទ្រង់បានឡើងសោយរាជ្យ។ តែផ្ទុយទៅវិញ អង្គជីបែរជាមិនសប្បាយ ព្រះទ័យកើត ក្ដីព្រួយបារម្ភព្រោះខ្លាចក្សត្រទាំងពីរលើកទ័ពយួនមក ក្នុងពេលនេះ ដើម្បីដណ្ដើមរាជ្យ សម្បត្តិទៅវិញ។ ការភ័ន្តច្រឡំនេះ បានតម្រូវឲ្យស្ដេចអង្គជីលើកទ័ព ច្បាំងជាមួយ អង្គតន់ជាមា និងអង្គនន់ជាប្អូន។ ទ័ពទាំងសងខាងបានប៉ះ ទង្គិចគ្នាយ៉ាងសាហាវ។ សង្គ្រាមចេះតែបន្តទៅមិនទាន់ដឹងឈ្នះចាញ់។ ចំណែកឯអង្គតន់បានប្រឈួនជាទម្ងន់ហើយក៏សុគតទៅ ដោយទុកឲ្យអង្គនន់ជាក្មួយ បញ្ជាទ័ពជំនួស។ ឯស្ដេចអង្គជីក៏បានសុគតនៅឆ្នាំ ១៦៧៥ រួចព្រះអនុជនាមអង្គស៊ូក៏បាន ឡើងសោយរាជ្យជំនួស។ ស្ដេចអង្គនេះបានធ្វើឲ្យទ័ពយួនបរាជ័យ ហើយអង្គនន់ក៏បាន រត់ទៅជ្រកកោនក្នុងប្រទេសយួនវិញ។ ប្រាំឆ្នាំក្រោយមក អង្គនន់បានត្រឡប់មកតាំង ទីបន្ទាយជាថ្មីនៅជ្រោយចង្វាទល់មុខភ្នំពេញ រួចទើបចាប់ផ្ដើមវាយរំខានទីក្រុងឧដុង្គឥត ឈប់ឈរ ប៉ុន្តែមិនបានទទួលជ័យជំនះធំដុំឡើយ។ អង្គស៊ូ បានទៅគង់ នៅក្នុង រាជវាំងសំរោងទងដែលស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែតពីឧដុង្គទុកតែព្រះមាតាឲ្យគង់នៅ ក្រុងឧដុង្គ។ អង្គនន់បានវាយចូលឧដុង្គបាននៅឆ្នាំ ១៦៨៤ រួចក៏ចាប់មាតា អង្គស៊ូមកឃុំទុកនៅក្នុងបន្ទាយជ្រោយចង្វារ។ ប៉ុន្តែក្រោយមកអង្គស៊ូបានចូលទៅរំដោះមាតាចេញដោយគ្មានការបង្ហូរឈាម។


===================================================
ប្រវត្តិសាស្រ្តខ្មែរសមយ័ឧដុង្គ( ភាគ៥)
«ព្រះបាទអង្គអេង (១៧៧៩ - ១៧៩៦)«
នៅចុងឆ្នាំ ១៧៧៩ ព្រះអង្គអេងបានត្រូវលើកឲ្យគ្រងរាជ្យក្នុងព្រះជន្ម ៧ ព្រះវស្សា។ ប៉ុន្តែកិច្ចការផែនដីស្ថិតនៅក្នុងដៃចៅហ្វ៊ាមូទាំងអស់។ ក្នុងឆ្នាំ ១៧៩៤ ព្រះអង្គអេងបាន រៀបអភិសេកនៅក្នុងព្រះជន្ម ២២ វស្សានៅទីក្រុងបាងកក។ គ្រឿងបញ្ចក្សេតជាពិសេសគឺព្រះខ័ឌ្គរាជ្យដែលចៅហ្វ៊ាបែនបានលួចយកទៅឲ្យសៀម ក៏ត្រូវបង្វិលមកឲ្យខ្មែរវិញ នៅដើមខែ មីនា ១៧៩៤។ ព្រះអង្គអេងទ្រង់យាងចូលមកក្នុងនគរតាមផ្លូវគោកឆ្លងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង អស់រយៈពេល ២១ ថ្ងៃ។ នៅសងខាងផ្លូវមានប្រជារាស្ត្រឈរទទួលស្វាគមន៍ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ នៅរាជវាំងឧដុង្គ ពួកមន្ត្រីបាននាំគ្នារៀបចំពិធីទទួលយ៉ាងអឹកធឹក ដើម្បីទទួលព្រះមហាក្សត្រថ្មី។ នៅក្នុង រជ្ជកាលព្រះអង្គប្រជារាស្ត្រនៅក្នុងនគរហាក់ ដូចជាបានសុខស្រួលលើកលែងតែខេត្តភាគ ខាងត្បូង(កម្ពុជាក្រោម) រាស្ត្រខ្មែរត្រូវរងទុក្ខវេទនាដោយសារគូបដិបក្ខយួន គឺពួកចលនា តៃសឺន និងពួកស្ដេចង្វៀនតែងតែយកប្រទេសខ្មែរធ្វើ ជាសមរភូមិ។ ប្រជារាស្ត្រខ្មែរត្រូវជាប់ កំណែនទ័ព ដោយសារស្ដេចខ្មែរកែនទៅជួយយួន ខ្មែរជាអ្នកផ្ដល់ស្បៀង និងដឹកជញ្ជូន ឲ្យយួន។ បក្សពួកយួនដែលឈ្លោះគ្នានៅលើទឹកដីខ្មែរ បានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិដុតបំផ្លាញផ្ទះសម្បែង និងឆក់ប្លន់ទ្រព្យសម្បត្តិរបស់ខ្មែរនៅភាគខាងត្បូង ឥតឈប់ឈរ។ ជួនកាលទៀតសមរភូមិបានធ្វើឡើងនៅរដូវវស្សានាំឲ្យការស្ទូងដករាំង ស្ទះបណ្ដាលឲ្យ ខ្មែរដាច់ស្បៀងគ្មានអ្វីចិញ្ចឹម គ្រួសាររហូតដល់ដាច់ពោះស្លាប់ក៏មាន។



=====================================================
ប្រវត្តិសាស្រ្តខ្មែរសមយ័ឧដុង្គ (ភាគ៦)
«ការលេបយកខេត្តភាគខាងលិចដោយពួកសៀម»
នៅឆ្នាំ ១៧៨៣ ស្ដេចសៀមបានតែងតាំងមន្ត្រីបីនាក់ មានឈ្មោះ បែន កែប និងកន ដោយខុសច្បាប់ ឲ្យធ្វើជាចៅហ្វាយខេត្តបាត់ដំបង និងពោធិ៍សាត់។ ដើម្បីបំពេញបំណងចៅហ្វាយ សៀមមន្ត្រីទាំងនោះក៏បានសរសេរសំបុត្រមួយដោយចាត់ឲ្យមន្ត្រីសៀមយកមកថ្វាយព្រះអង្គអេងនៅឧដុង្គមានសេចក្តីថាយើងទាំងអស់គ្នាប្រាថ្នាចង់ឲ្យព្រះចៅសៀមផ្ញើសារ មកឲ្យស្ដេចស្រុកខ្មែរ ដើម្បីបញ្ចូលខេត្តបាត់ដំបង មហានគរ និង ចុងកាល់ ទៅក្នុងទឹកដីសៀមដើម្បីជាកិច្ចតបស្នងដល់ព្រះចៅសៀម ដែលបានចិញ្ចឹមបីបាច់ ថែរក្សា ព្រះអង្គ (អង្គអេង) នៅពេលដែលព្រះអង្គបានរស់នៅក្នុងស្រុកសៀម។ លុះអានសំបុត្រនោះចប់ហើយ ព្រះអង្គអេង មានការក្ដុកក្ដួលក្នុងព្រះទ័យដោយនឹកស្ដាយ ទឹកដីយ៉ាងក្រៃលែងរួចក៏បាន ផ្ញើរសារត្រឡប់ទៅឲ្យសៀមវិញដែលមានសេចក្តីថា ខេត្តទាំងនេះរួមគ្នាបានជាទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជា បើខ្មែរលើកខេត្ត ទាំងនោះទៅឲ្យព្រះចៅសៀម នោះប្រទេសកម្ពុជានៅសល់ តែចម្រៀកដីមួយដ៏តូច មិនសក្ដិសមឈ្មោះជាប្រទេសឡើយ។ ចម្លើយរបស់ស្ដេចអង្គអេង ធ្វើឲ្យព្រះចៅតាកស៊ីន ក្រេវក្រោធជាខ្លាំង រួចក៏ប្រើពាក្យគំរាមកំហែងនៅក្នុងសារមួយដែលផ្ញើជាលើកចុងក្រោយថា បើមហាក្សត្រខ្មែរមិនព្រមកាត់ខេត្តទាំងនោះទៅឲ្យសៀមទេនោះប្រទេសយើងទាំងពីរ នឹងក្លាយជាសត្រូវនឹងគ្នា។
ប្រទេសកម្ពុជាពេលនោះបានបាត់បង់ពួកមន្ត្រីដែលមានសមត្ថភាព និងស្មោះត្រង់ចំណែក ឯវិស័យការពារប្រទេស យើងក៏គ្មានទ័ពសម្រាប់ការពារខ្លួនទប់ទល់ នឹងការវាយលុកណា មួយពីខាងក្រៅ។ ចំណែកឯវិស័យសេដ្ឋកិច្ចទៀត សោត បានធ្លាក់ចុះដុនដាបដោយ សង្គ្រាម ក្នុងស្រុក។ កត្តាអស់ទាំងនេះដែលធ្វើឲ្យព្រះអង្គ ពុំហ៊ានតបតនឹងការលោភលន់របស់សៀម ក៏សូមអង្វរឲ្យព្រះចៅសៀមយកខេត្តទាំងនោះតែក្នុងខណៈដែលព្រះចៅសៀម (តាកស៊ីន) មានព្រះជន្មនៅឡើយ។ លុះដល់ព្រះអង្គសុគត ខ្មែរសុំយកខេត្តនេះមកបញ្ចូលក្នុងនគរ កម្ពុជាដូចដើមវិញ។ ខេត្តទាំងនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ ១៧៩៥ ដោយ សារមន្ត្រីក្បត់ជាតិល្ងង់ខ្លៅឆ្កួតវង្វេងនឹងបុណ្យសក្តិ ភ្លេចគិតដល់កំណើតខ្លួន។
ខែ មីនា ១៧៩៦ ព្រះអង្គអេងបានផ្ទេរកិច្ចការប្រទេសទៅឲ្យឧបរាជប៉ុក រួចក៏យាងទៅកាន់ រាជធានីបាងកក ក្នុងបំណងសុំឲ្យព្រះចៅសៀមប្រគល់ខេត្តខ្មែរមកវិញ។ តែស្ដេចសៀមធ្វើឫកក្រអឺតក្រទមមិនព្រមស្ដាប់សេចក្ដីទទូចអង្វរឡើយ។ បន្ទាប់ពីគង់នៅ ប្រទេសសៀមមិនបានផ្លែផ្កាមកព្រះអង្គក៏បានយាងនិវត្តន៍ចូលប្រទេសវិញ នៅខែ ឧសភា ឆ្នាំ ១៧៩៦។ ប្រាំពីរខែក្រោយមក ព្រះអង្គក៏សុគតនៅរាជធានីឧដុង្គ ដោយជំងឺគ្រុនចាញ់។ ចាប់ពីឆ្នាំ ១៧៩៦ ដល់ ១៨០៥ មកកិច្ចការប្រទេសស្ថិតនៅក្នុង ដៃចៅហ្វ៊ាប៉ុក។ មន្ត្រីប៉ុកបានបញ្ជាឲ្យគេសង់ចេតិយ៍នៅលើកំពូលភ្នំឧដុង្គប៉ែកខាងកើតសម្រាប់ដាក់ អដ្ឋិធាតុព្រះអង្គអេង។ ពេលព្រះអង្គអេងចូលទិវង្គត ព្រះអង្គចន្ទជារាជបុត្រទើបតែមា នព្រះជន្មបាន ៦ វស្សា ដូចនេះកិច្ចការប្រទេសជាតិត្រូវមន្ត្រីប៉ុកជាអ្នកទទួលបន្ទុក។



==================================================
ប្រវត្តិសាស្រ្តខ្មែរសមយ័ឧដុង្គ (ភាគ៧)
«អន្តរាគមន៍របស់ខ្មែរដើម្បីជួយសៀម និងយួន»
នៅក្នុងការគ្រប់គ្រងរបស់ខ្លួនមន្ត្រីប៉ុកបានលើកទ័ពទៅជួយសៀម នៅពេលដែល ស្ដេចភូមាឈ្មោះប៉ូដាវប៉ាយាវាយលុកប្រទេសសៀមពីប៉ែកខាងជើងនៅចន្លោះឆ្នាំ ១៧៨២ - ១៨១៩។ ស្ដេចយួនក៏បានបញ្ជាឲ្យខ្មែរកែនទ័ពចំនួន ១០ ពាន់នាក់នៅឆ្នាំ ១៧៩៩ នៅតាមខេត្តព្រៃវែង បាភ្នំ រំដួល និងស្វាយទាប បញ្ជាដោយឧកញ៉ាវាំងឈ្មោះឡុង ដើម្បីជួយស្ដេចង្វៀង ប្រឆាំងនឹងចលនាតៃសឺន។ ទ័ពខ្មែរធ្វើដំណើរកាត់ប្រទេសទៅ ទិសខាងជើងតាមតំបន់ព្រៃក្រាស់ដែលសម្បូរជំងឺគ្រុនចាញ់ រួចចុះមកតាមទិសខាងជើង ក្នុងខេត្តង៉ែអាន ដោយបានធ្វើឲ្យទ័ព តៃសឺនបរាជ័យ រួចក៏ត្រឡប់មកប្រទេសវិញនៅឆ្នាំ ១៨០២។



================================================
ប្រវត្តិសាស្រ្តខ្មែរសមយ័ឧដុង្គ (ភាគ៨)
«ព្រះបាទអង្គចន្ទ (១៨០៦ - ១៨៣៤)»
ព្រះអង្គចន្ទដែលជាបុត្ររបស់ព្រះបាទអង្គអេង បានរៀបអភិសេកនៅឆ្នាំ ១៨០៦ នៅទីក្រុង បាងកក ដែលមាននាមសម្រាប់រាជ្យថាឧទ័យរាជា។ ព្រះអង្គត្រូវយាងមក សោយរាជ្យនៅ ឧដុង្គវិញ។ នៅស្រុកសៀមឯនោះវិញ ស្ដេចសៀមឈ្មោះតាកស៊ីន បានចូលទិវង្គតនៅឆ្នាំ ១៨០៩។ រាជសម្បត្តិត្រូវប្រគល់ឲ្យបុត្រឈ្មោះរាមាទី២។ ព្រះអង្គចន្ទទ្រង់បានចាត់ព្រះអនុជ និងមន្ត្រីខ្មែរខ្លះទៅចូលរួមក្នុងពិធីបុណ្យ សពស្ដេចសៀម។ ចំណែកឯនៅខេត្តបាត់ដំបងឯណោះវិញ អភ័យធីបែសបែនបានស្លាប់នៅឆ្នាំ ១៨០៩ ដែរ។ ព្រះចៅរាមាទី២ បានតែងតាំងកូនប្រុសមន្ត្រីបែន ឈ្មោះវិបុលរាជបែន ជាចៅហ្វាយខេត្ត បាត់ដំបងជំនួសឪពុក។ ការតែងតាំងមន្ត្រីថ្នាក់ខេត្តនេះបានស្ដែង ឲ្យឃើញការកាន់កាប់ខេត្ត ភាគខាងលិចយ៉ាងស៊ប់ ដោយបង្កើតបែបផែនរដ្ឋបាលតាមបែបសៀម។ នៅឆ្នាំ ១៨១០ ព្រះអង្គចន្ទបានទទួល ដំណឹងពីអយ្យកោថា មានមន្ត្រីពីរនាក់ឈ្មោះក្រឡា ហោមមឿង និងចក្រីកែប បានផ្សំគំនិតគ្នាដើម្បីធ្វើឃាតព្រះអង្គ។ ជ្រាបដូចនេះហើយ ស្ដេចអង្គចន្ទបាន ប្រគល់កិច្ចការទៅឲ្យមន្ត្រីតីរៀបចំផែនការសម្លាប់មន្ត្រីទាំងពីរនាក់។ នៅក្នុងរជ្ជកាលព្រះអង្គចន្ទ មានព្រឹត្តិការណ៍មួយកើតឡើងក្នុងខេត្តកំពង់ចាម។ យួនឈ្មោះឧត្ដមសេនីយអុងតាគុនបានបញ្ជាឲ្យអង្គចន្ទកាប់ឈើហ៊ុបល្អៗ នៅភ្នំហាន់ជ័យ ដើម្បីយកទៅស្រុកយួន។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទាំងមនុស្ស ទាំងសត្វដើម្បីយក ទៅកាប់ឈើ ចាំងឈើ និងដឹងជញ្ជូន។ យួនបានប្រើខ្មែរដោយវាយវាត់នឹងរំពាត់បង្ខំឲ្យធ្វើ ការតាំងពីព្រលឹមទល់ព្រលប់ ទាំងមនុស្សទាំងសត្វអស់រយៈពេលពី ៥ ទៅ ៦ ខែ រហូតងាប់សត្វពាហនៈអស់។ ចំណែកឯមនុស្សវិញ អ្នកខ្លះក៏ស្លាប់ដោយជំងឺគ្រុនចាញ់ និងរាករូស អ្នកខ្លះត្រូវឈឺបាក់កម្លាំង ដោយសារការងារធ្ងន់ធ្ងរពេក។ នៅចំពោះមុខទារុណកម្មនេះ គេពុំឃើញមានស្ដេច ឬមន្ត្រីណាហ៊ានបញ្ចេញប្រតិកម្ម អ្វីឡើយ។ ព្រឹត្តិការណ៍មួយទៀតដែលគួរឲ្យខ្មែរឈឺចាប់គឺយួនបានកែនកម្មករខ្មែរឲ្យ ជីកព្រែកពីរនៅឆ្នាំ ១៨១៥ឧត្ដមសេនីយអុងតាគុនបានបញ្ជាព្រះអង្គចន្ទកែនរាស្ត្រ ខ្មែរឲ្យជីកព្រែកវិញតេ ខ្មែរហៅថាព្រែកជីក ឬព្រែកយួនដែលភ្ជាប់ពីមាត់ជ្រូក ទៅពាម ទម្លាក់ទៅក្នុងសមុទ្រ ចិនមានប្រវែង ៥៣ គីឡូម៉ែត ទទឹង ៣៣ ម៉ែត។ ព្រែកជីកមួយទៀត ឈ្មោះ ព្រែកវិញអាន ខ្មែរហៅថាឡុងសែន ភ្ជាប់ពីទន្លេបាសាក់ទៅមេគង្គមានប្រវែង ១៤ គីឡូម៉ែត។ យួន ខ្មែរជាក្រុម ហើយបង្ខំឲ្យខ្មែរធ្វើការតាំងពីព្រលឹម ទល់ព្រលប់ មិនអាចឈប់សម្រាកបាន។ នៅពេលនោះហើយ ដែលគេហៅ ថាសម័យតែអុង ព្រោះយួនយកខ្មែរទៅកប់ទាំងរស់យកក្បាលធ្វើជាមុំចង្ក្រាន។ ដោយខ្វះទឹកស្អាតទទួលទាន ខ្មែរមួយចំនួនត្រូវស្លាប់នៅលើការដ្ឋានគួរឲ្យអាណោចអាធ័ម។ ពេលជីកព្រែករួច យួនក៏បង្ហូរទឹកចូលមិនឲ្យខ្មែរដឹង បណ្ដាលឲ្យខ្មែរស្លាប់ជាច្រើនដោយ សារលង់ទឹក។ រឿងដែលគ្រោះថ្នាក់ចំពោះប្រទេសជាតិ គឺនៅក្រោយពេលស្ដេចអង្គចន្ទ សុគតនៅឆ្នាំ ១៨៣៤ ព្រោះស្ដេចអង្គនេះគ្មានបុត្រាដើម្បីស្នងរាជ្យមានតែបុត្រី ៤ អង្គ គឺក្សត្រីអង្គប៉ែន អង្គម៉ី អង្គពៅនិងអង្គស្ងួនដែលមិនអាចមានកម្លាំងទប់ទល់នឹង ល្បិចលេបត្របាក់ទឹកដីរបស់ យួនបាន។ ចំណែកព្រះអង្គអឹម និងអង្គឌួងត្រូវសៀមនាំយក ទៅឃុំឃាំងនៅបាងកក។ យួនបានលើកក្សត្រីអង្គម៉ី (១៨៣៤ - ១៨៤០) ឲ្យឡើង សោយរាជ្យ នៅកោះស្លាកែត។ ប៉ុន្តែកិច្ចការប្រទេសជាតិត្រូវធ្លាក់ទៅក្នុងដៃឧត្ដមសេនីយយួនឈ្មោះ ទ្រឿងមិញយ៉ាង។


========================================

ប្រវត្តិសាស្រ្តខ្មែរសមយ័ឧដុង្គ( ភាគ៩ភាគបញ្វប់)
«យូនបានសាកល្បងលុបបំបាត់ខ្មែរ»
យួនបានរៀបចំប្រព័ន្ធរដ្ឋបាលខ្មែរជាថ្មីទៅតាមបែបផែនរដ្ឋបាលយួន តាំងពីថ្នាក់ខេត្ត ដល់ស្រុក ព្រមទាំងយកពន្ធដារធ្ងន់ធ្ងរពីប្រជារាស្ត្រខ្មែរ។ ខេត្តខ្មែរ នីមួយៗ ត្រូវប្ដូរឈ្មោះពីខ្មែរទៅយួន គ្រប់គ្រងដោយចៅហ្វាយខេត្តខ្មែរម្នាក់ និងអមដោយមន្ត្រីយួនម្នាក់ ដើម្បីងាយស្រួលក្នុងការអនុវត្តតាមផែនការលេបទឹកដី។
ឧទាហរណ៍ ខេត្តសំរោងទង ទៅជា ឡុងតូន ឧដុង្គទៅជាបាកកូណាម ស្រុកឃ្លាំង ទៅជា ស្រុកត្រាំង ភ្នំពេញទៅជាណាមវ៉ាង។ យួនអនុវត្តផែនការលុបបំបាត់ប្រពៃណី និងវប្បធម៌ ខ្មែរចោលដូចជាបង្ខំខ្មែរឲ្យស្លៀកពាក់អាវផាយ បំបាត់ព្រះពុទ្ធសាសនា បែបហីនយានឲ្យ មកកាន់មហាយានដូចយួនដែរ គឺកោរសក់ទុកចិញ្ចើម ប្ដូរចីពរ ទៅស្លៀកពាក់ខោអាវផាយ ពណ៌ឈាមជ្រូក ពេលសូត្រធម៌មានវាយត្រដោកផង ដែលខ្មែរតែងហៅថា វាយក្បាលត្រី។ ពេលនោះមានមន្ត្រីខ្មែរ និងអ្នកស្នេហាជាតិខ្មែរ បានងើបបះបោរហើយត្រូវយួនសម្លាប់ ឥតញញើតដៃ។ យួនបានចាប់ក្សត្រីទាំងបីអង្គយកទៅខេត្តលង់ហោរ។ ចំណែកឯម្វាស់ក្សត្រីអង្គប៉ែនត្រូវយួន ធ្វើឃាតដោយចោទថាចូលដៃនឹងសៀម។ ដំណឹងនេះ មិនស្ងាត់ឡើយ ខ្មែរក្នុងនគរនាំគ្នាបះបោរព្រោះយល់ថាយួន ចង់រំលាយនគរខ្មែរឲ្យសាបសូន្យ រួចក៏នាំគ្នាទៅកាប់សម្លាប់ យួនអស់ជាច្រើន។ ដោយយល់ស្ថានភាពប្រទេសជាតិធ្លាក់ ក្នុងភាពអស់សង្ឃឹមទើបពួក នាម៉ឺនសព្វមុខមន្ត្រី និងប្រជារាស្ត្របានមូលមតិគ្នាយាងក្សត្រ អង្គឌួង ឲ្យវិលពីប្រទេស សៀមចូលព្រះនគរ ដើម្បីបង្រួបបង្រួមជាតិ និងកសាងប្រទេស ឡើងវិញ។


«ចប់»


EmoticonEmoticon