ប្រវត្តិលោក ឧកញ៉ាសុត្តន្តប្រីជាឥន្ទ

ប្រវត្តិលោក ឧកញ៉ាសុត្តន្តប្រីជាឥន្ទ
---------
មានអ្នកព្រៃចង្រៃឥតគំនិត
ទៅសំលៀងកាំបិតគ្រឿងប្រហារ
ឲ្យខូងខូចខាតសាច់បង់អសារ
មិនស្តាយការស្នាដៃបុរាណសោះ ។

ឱតោអើយតោឈរមិនមើលមៀង
មកឲ្យគេសំលៀងខ្នងតោចុះ
ម្តេចមិនខឹងខាំវាសំលៀងនោះ
ឲ្យវាលុះក្តីមរណ៍យក៍វាទៅ” ។
-------
ខាងលើនេះជាកថាខណ្ឌនៃកំណាព្យដ៏ល្បីល្បាញ ដកស្រង់ចេញពីអត្ថបទកំណាព្យ “និរាសនគរវត្ត” របស់ឧកញ៉ាសុត្តន្ត ប្រីជាឥន្ទ ហើយមិនមែនមានតែ “ និរាសនគរវត្ត ” មួយនេះទេ លោកឧកញ៉ាមានបទនិពន្ធជាច្រើន ជាពិសេសមនុស្សខ្មែរគ្រប់រូបក៏បានស្គាល់រូបលោកតាមរយៈស្នាដៃ “ គតិលោក ” ដ៏មានអត្ថន័យដ៏ជ្រាលជ្រៅ ។
លោក លី ធាមតេង បានកត់ត្រានូវជីវប្រវត្តិរបស់អ្នកនិពន្ធខ្មែរល្បីៗមួយចំនួនតាំងពី សម័យអង្គររហូតមកដល់សម័យមុនឆ្នាំ១៩៧៥, ក្នុងនោះលោករៀបរាប់អំពីឧកញ៉ាសុត្តន្តប្រីជាឥន្ទថា មុនពេលទទួលគោរម្យងារជា “ ឧកញ៉ាសុត្តន្តប្រីជា ” ម្ចាស់វណ្ណកម្ម “ គតិលោក ” មានឈ្មោះពីកំណើតថា “ ឥន្ទ ” ។ លោកកើតនៅភូមិរកាកោង ខេត្តមុខកំពូល (ខេត្តកណ្តាលសព្វថៃ្ង) នៅថៃ្ងច័ន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ២៤០៣, ត្រូវនឹងថៃ្ងទី២២ ខែកក្កដា ឆ្នាំ១៨៥៩ មានមាតាឈ្មោះ មុំ បិតា ឈ្មោះបញ្ចង់កែ ។ ក៏ប៉ុន្តែបុព្វជនប្រកបដោយទេពកោសល្យរូបនេះមានព្រះជន្មត្រឹមតែ ៦៥ឆ្នាំប៉ុណ្ណោះ ។
លោក ឥន្ទ បានចូលរៀននៅអាយុ ១០ឆ្នាំ ដែលនាសម័យនោះ ការបានចូលរៀនក្នុងអាយុនេះគឺលឿនណាស់ទៅហើយ ហើយលោកបានរៀនប្រែព្រះត្រៃបិដក នៅអាយុ១៥ឆ្នាំ ដោយបួសជាសាមណេរមួយវស្សានៅវត្តព្រែកពោធិ៍ ។ ក្រោយមកលោកបានចាកភេទសាមណេរទៅរៀននៅស្រុកព្រះត្រពាំង ហើយនៅអាយុ ១៨ឆ្នាំ បានមករៀននៅសំណាក់លោកគ្រូព្រះពុទ្ធឃោសាចារ្យប្រាក់ ក្នុងវត្តឧណ្ណាលោម ក្រុងភ្នំពេញ ។
បន្ទាប់ពីរៀននៅក្នុងសំណាក់លោកគ្រូព្រះអាចារ្យនៅវត្តកែវ ខេត្តបាត់ដំបងបានមួយឆ្នាំ, នៅអាយុ ២០ឆ្នាំ លោកបានបួសជាភិក្ខុនៅទីនោះមួយវស្សា ទើបលាព្រះឧបជ្ឈាយាចារ្យទៅរៀននៅបាងកកអស់រយៈពេល ៧ឆ្នាំ ក៏ត្រឡប់មកស្រុកខ្មែរវិញ ហើយបន្តបួសនៅវត្តកណ្តាល ស្រុកបាត់ដំបងរយៈពេល ១០ឆ្នាំទៀត រហូតទាល់តែអាយុ ៣៧ឆ្នាំ ទើបលាចាកសិក្ខាបទ និងមានភរិយានៅភូមិឈ្វាធំ ខេត្តបាត់ដំបងនោះតែម្តង ។ ជារួមលោកឧកញ៉ាបានចំណាយពេលរៀនសូត្រពីមជ្ឈដ្ឋានព្រះពុទ្ធសាសនាអស់ រយៈពេលជិត ២០ឆ្នាំឯណោះ ។
ជាបន្តបន្ទាប់ លោក ឥន្ទ បានតែងនិពន្ធនូវស្នាដៃជាច្រើន ទាំងជាបាលី ទាំងជាខ្មែរដោយកាព្យផង ដោយសម្រាយផង រួមមាន ៤៤ស្នាដៃ ហើយអាស្រ័យដោយការតែងនិពន្ធនោះ បានធ្វើឱ្យឈ្មោះលោកល្បីរន្ទឺដល់រាជការក្រុងភ្នំពេញ ។
នៅអាយុ ៥៥ឆ្នាំ លោកបានចូលមកធ្វើការនៅពុទ្ធសាសនបណ្ឌិតខាងតែងវចនានុក្រម និងផ្ទៀងផ្ទាត់គម្ពីរដីកា ហើយរាជការក្រុងភ្នំពេញ បានផ្តល់ងារជា “ ឧកញ៉ាសុត្តន្តប្រីជា ” ចាប់ពីពេលនោះមក ដើម្បីឱ្យលោកជួយតែងសព្វវចនាធិប្បាយខ្មែរនៅសាលាបាលី ។ នៅអាយុ ៦៥ឆ្នាំ លោកបានលារាជការវិលមកនៅស្រុកបាត់ដំបងវិញ ។ លុះថៃ្ងអាទិត្យ ១២ កើត ខែកក្តិក ឆ្នាំជូត ឆស័ក លោកបានទទួលអនិច្ចកម្មនៅវេលាម៉ោង ៨ព្រឹក ត្រូវនឹងថៃ្ងទី៨ ខែវិច្ឆិកា ឆ្នាំ១៩២៤ ក្នុងជន្មាយុ ៦៥ឆ្នាំនោះតែម្តង ។
តាមកំណត់ត្រារបស់ពុទ្ធសាសនបណ្ឌិត ស្នាដៃល្បីៗរបស់លោកឧកញ៉ារួមមាន:
១- គតិលោក ឬច្បាប់ទូន្មានខ្លួន (១០ភាគ)
២- កាព្យនិរាសអង្គរ ឬនិរាសនគរវត្ត
៣- រឿង “ អំបែងបែក ” (សាស្ត្រាស្លឹករឹត)
៤- បឋមសម្ពោធិ (ជាក្រាំង)
៥- លោកនីតិបករណ៍ (ពាក្យកាព្យ)
៦- សុភាសិតច្បាប់ស្រី
៧- ក្បួនមេកាព្យ
ក្នុងចំណោមស្នាដៃទាំងអស់នេះ “ គតិលោក ” ឬ “ ច្បាប់ទូន្មានខ្លួន ” បានបោះពុម្ពនាពុទ្ធសករាជ២៥០៨(១៩៦៥) ដោយពុទ្ធសាសនបណ្ឌិតមានភាពល្បីល្បាញ និងមានការទទួលស្គាល់ជាទូទៅច្រើនជាងគេពីសំណាក់អ្នកសិក្សាខ្មែរ ជំនាន់ក្រោយៗ ជាពិសេសអ្នកសិក្សាពីអក្សរសិល្ប៍ ។
នៅក្នុងសៀវភៅ “ គតិលោក ” ឬ “ ច្បាប់ទូន្មានខ្លួន ” ទាំង ១០ភាគ មានរឿងខ្លីៗជាច្រើនបញ្ចូលគ្នា ដែលបង្ហាញពីការអប់រំទូន្មាន និងបញ្ហាគ្រប់ប្រភេទដែលមានក្នុងដំណើរជីវិតមនុស្ស ។
ជាការពិត “ គតិលោក ” គឺជាវណ្ណកម្មដ៏ធំសំបើមរបស់លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ ក៏ប៉ុន្តែដូចបានជំរាបជូនខាងលើកំណាព្យ “ និរាសនគរវត្ត ” ក៏ពោរពេញទៅដោយភាពទាក់ចិត្តសម្បើមខ្លាំងណាស់ដែរក្រៅពីបង្កប់នូវ សិល្បៈ និងមនោសញ្ចេតនាលន្លង់លន្លោច អត្ថបទកាព្យនោះក៏បានកត់ត្រាទុកនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងលក្ខណៈភូមិស្រាស្តនាសម័យកាលនោះផងដែរ ។ តួយ៉ាងដូចជាកំណាព្យមួយកថាខណ្ឌខាងក្រោមនេះជាដើមបានបង្កប់នូវ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ។
“ គន់ចំបក់ដូចបងចំបែងចិត្ត ចៅដើមខ្វិតដូចបងមកខ្វែងចៅ
ឱដើមសោកដូចបងមកសោកសៅ ដើមស្រឡៅនៅស្រឡាញ់ចេញចោលមក ” ។
ស្នាដៃនិពន្ធទាំងអស់របស់លោកឧកញ៉ាបានបង្ហាញឱ្យឃើញថា លោកមានទេព កោសល្យតែងនិពន្ធ ទាំងបញ្ហាពុទ្ធចក្រ និងអាណាចក្រ ពោលគឺជាតម្រូវការរបស់មនុស្សលោក ជាពិសេសជនជាតិខ្មែរនាសម័យកាលនោះ និងសម័យកាលក្រោយមក ដែលចង់ដឹងជាចាំបាច់ ដើម្បីរៀបចំជីវិតប្រកបដោយសេចក្តីសុខ ។ អ្វីដែលលោកតែងនិពន្ធនោះក៏នៅតែមានតម្លៃសំរាប់ការប្រតិបត្តិ ជាក់ស្តែងរហូតមកដល់ពេលសព្វថ្ងៃនេះផងដែរ ៕


EmoticonEmoticon